Thursday, September 26, 2013

សាសនាព្រះពុទ្ធ


(បទព្រហ្មគីតិ)
១. សាសនា នៃព្រះពុទ្ធ បរិសុទ្ធ អប់រំល្អ
ឲ្យប្រ ជានិករ ចិត្តស្មោះសរ ក្នុងអំពើ ។

២. ព្រះពុទ្ធ លោកទូន្មាន ប្រាប់ផ្លូវស្ពាន នៃទង្វើ
ឲ្យសាង តែអំពើ សព្វសារពើ ល្អប្រពៃ ។

ក. អំពើ មានបីយ៉ាង លោកសំអាង យើងត្រូវលៃ

មួយគឺ ស្ដីពាក្យវៃ ផ្អែមល្ហែមន័យ កុំចាក់ដោត ។
ខ. ពីរគឺ ចិត្តគំនិត កុំបីគិត អាក្រក់សោត
បីគឺ ទង្វើផ្ដោត ត្រូវគិតកោត កុំអាក្រក់ ៕

ដូនចាស់កាន់ធម៌
(បទព្រហ្មគីតិ)

១. ជីដូន ចាស់ជរា ក្រាបវន្ទា បដិមា
ព្រះពុទ្ធ ទីសក្ការ សូធ្យធម៌អាថ៌ ស្មឹងស្មាធិ៍ឈឹង ។

២. ជីដូន ចិត្តស្មោះសរ យកព្រះធម៌ ជាពំនឹង
អារម្មណ៍ ស្ងប់ស្ងៀមនឹង ចិត្តរំពឹង ប្រាថ្នាសុខ ។

៣. មើលយាយ ស្វាធ្យាយណាស់ ទោះខ្លួនចាស់ សន្សំទុក
ផលបុណ្យ ទៅថ្ងៃមុខ សូមផុតទុក្ខ ដល់និព្វាន ៕

គម្រូសត្វឃ្មុំ


(បទពាក្យ៧)


១.      មើលនែ៎សត្វឃ្មុំ ខំធ្វើការ                          យើងជាកុមារ មើលគម្រូ
          ឃ្មុំបង្ហាញប្រាប់ ឲ្យតស៊ូ                           ចេះគិតរៀនគូរ ដើរផ្លូវត្រូវ          

 ២.      ឆ្លាតចេះដឹងខ្លួន ទាន់នៅក្មេង                   កុំគិតតែលេង វង្វេងផ្លូវ
          សន្សំវិជ្ជា ពីឥឡូវ                                    ធនធានជាផ្លូវ ជោគកំណត់       ។

 ៣.      កុំធ្វេសប្រហែស ខិតខំរៀន                       ចំណេះរបៀន រៀនហ្មត់ចត់
          បែងចែកវេលា រៀនមានបទ                     ថ្ងៃក្រោយប្រាកដ បានថ្កុំថ្កើង     ៕

Sunday, September 1, 2013

សួនមេអំបៅ

មើលមេអំបៅហើរឆ្វែលផ្កា              ចិត្តប៉ងប្រាថ្នាក្រេបទឹកដម
មួយលឿងហើរទំផ្កាក្រហម             មានគូហើរអមតាមការពារ។

ឯមួយខៀវនោះស្ទុះហើរវឹង              សំដៅត្រង់ភ្លឹងរកគូវា
រួចហើរត្រសងទន្ទឹមគ្នា                     រកផ្កានានារីកស្រស់ថ្មី។

មើលមេអំបៅចម្រុះផ្លេក                    ដេរដាសពេញមេឃគួរបេតី
ផ្កាព្រឹកក្រអូបរីកថ្មីៗ                          ជួយឲ្យផែនដីមានសម្រស់។

មើលមេអំបៅហើរទាំងហ្វូង              ប្រសាចព្រាតព្រោងពេញទាំងអស់
សួនមេអំបៅផ្ការីកស្រស់                   ឃើញហើយសោមនស្សចិត្តរីករាយ៕